Sunday, June 7, 2020

តែងសេចក្ដី
ប្រធានៈ​ គេយល់ថា “រាល់ការដោះស្រាយបញ្ហាលំបាកចំពោះមុខ តាប៉ាល់ក្នុងរឿងភូមិតិរច្ឆាន ពោរពេញដោយគុណវិបត្តិ។” ប្រសិនបើអ្នកជាតាប៉ាល់វិញ តើមានវិធី ឬមធ្យោបាយអ្វីដើម្បីដោះស្រាយបញ្ហាឱ្យបានល្អជាងគាត់? ចូរបញ្ជាក់។
គម្រោងអធិប្បាយ
មនុស្សម្នាក់ៗក្នុងការរស់នៅ តែជួបប្រទះបញ្ហាដោយចៀសពុំផុត ដោយហេតុនេះហើយកាលណាជួបបញ្ហា ឬឧបសគ្គមនុស្សម្នាក់ៗប្រឹងប្រែងរកមធ្យោបាយដោះស្រាយ ឱ្យមានភាពប្រសើរប្រកបដោយគុណសម្បត្តិ ពោលគឺចៀសវាង​នូវគុណវិបត្តិផ្សេងៗ។ ទោះបីដូចនេះក្ដី ក៏គេឃើញថាអ្នកខ្លះនៅតែផ្ទុកទៅដោយគុណវិបត្តិក្រាស់ក្រែលដដែល។ លក្ខណៈនេះបានបង្ហាញឱ្យឃើញតាមរយៈរឿងភូមិតិរច្ឆាន ជាពិសេសតួអង្គតាប៉ាល់តែម្ដង ដែលយើងត្រូវតែរកវិធីដោះស្រាយឱ្យបានប្រសើរជាងគាត់។ មូលហេតុនេះហើយទើបគេយល់ថា “រាល់ការដោះស្រាយបញ្ហាលំបាកចំពោះមុខ តាប៉ាល់ក្នុងរឿងភូមិតិរច្ឆាន ពោរពេញដោយគុណវិបត្តិ។”
          តើតាប៉ាល់ប្រើវិធីដោះស្រាយដូចម្ដេចទើបគេយល់ថាគាត់មានគុណវិបត្តិច្រើន? ហើយបើជាយើងវិញត្រូវប្រើវិធីបែបណាដើម្បីឱ្យប្រសើរជាងគាត់?
         មុននឹងឈានចូលដល់ការបង្ហាញពីការដោះស្រាយបញ្ហារបស់តាប៉ាល់យើងគប្បីយល់ន័យនៃពាក្យគន្លឹះរបស់ប្រធាន​​​​​ជាមុនសិន។ ឃ្លា “ការដោះស្រាយបញ្ហាលំបាក” មានន័យថាការរកវិធី ឬមធ្យោបាយក្នុងការគេចចេញពីឧបសគ្គរាំងស្ទះណាមួយ។ ចំណែកពាក្យ “គុណវិបត្តិ” សំដៅលើការប្រាសចាកតម្លៃ ការគ្មានប្រយោជន៍ ការខ្វះសេចក្ដីល្អ។ តាមអត្ថន័យនៃពាក្យខាងលើនេះមតិរបស់ប្រធានចង់និយាយថា ការប្រើមធ្យោបាយ ឬវិធីរបស់តាប៉ាល់ក្នុងការគេចពីឧបសគ្គរាំងស្ទះច្រើនតែខ្វះសេចក្ដីល្អបង្កទោសឱ្យអ្នកដទៃ។ ដូចនេះតម្រូវឱ្យយើងរកវិធីស្រាយបញ្ហាឱ្យល្អជាងនេះ។
          ជាការពិតណាស់តាមរយៈដំណើររឿងទាំងមូលបានបញ្ជាក់ថា៖
·         តាប៉ាល់ជាមេឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដែលបម្រើការងារឱ្យរបបអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩២៥។ 
·         គាត់ទារពន្ធពីរាស្ត្រក្នុងឃុំក្រាំងលាវ
·         គ្មានចិត្តអាណិតអាសូររាស្ត្រក្រាំងលាវ ដែលគ្មានប្រាក់បង់ពន្ធ និងក្រីក្រតោកយ៉ាក
·         គាត់ធ្វើរបាយការណ៍ឱ្យថ្នាក់លើ ពេលទារពន្ធមិនបាន
·  គាត់នៅស្ងៀម មិនអើពើចំពោះដំណើរការបះបោររបស់រាស្ត្រក្នុងការសម្លាប់ លោករេស៊ីដង់ បារដេស និងបរិវារ ថ្ងៃ១៨ មេសា ១៩២៥
·     ពេលមានហេតុការណ៍សម្លាប់បារដេសហើយ គាត់បានចោទប្រកាសទូទៅ មិនចំពោះថាបុគ្គលណាមួយ​នៅក្នុងពេលដែលពួកទាហានបារាំងឡើងមកដល់ក្រាំលាវ
vជាក់ស្ដែង គាត់បាននិយាយថា​ “ពួកអាកំណាចវាឥតប្រណីយោគយល់ដល់ខ្ញុំជាចាស់...”។ ចំណុចនេះសឱ្យឃើញថាគាត់គិតតែយកសុខផ្ទាល់ខ្លួនមិនគិតដល់ប្រជារាស្រ្តបន្តិចសោះឡើយ ជាពិសេសអ្នកដែលមិនបានចូលរួមក្នុងការសម្លាប់បារដេស។
v  ម្យ៉ាងទៀត គាត់បានឱ្យកូនចៅ ចងបន្លំភ្នែកទាហាន
v  ជាងនេះទៅទៀតគាត់ស្ទាក់ស្ទើរ​ ចង់ការពារតំណែងមេឃុំ ពោលគឺនៅស្រឡាញ់អំណាចរបស់គាត់ ហើយកំសាក មិនហ៊ានចេញមុខទប់ទល់នឹងការស្រាយបញ្ហា ថ្ងៃ១៨ មេសា ១៩២៥។
v  បន្ថែមពីនេះទៅទៀត ការរាយការណ៍របស់គាត់ឱ្យរាជការបារាំង ស្ដីពីការទារពន្ធមិនបាន ប្រៀបបាននឹងការនាំភាព​ក្ដៅក្រហាយ ឬដុតកំដៅ ឆ្កឹះបារាំង ឱ្យក្ដៅក្រហាយ ខឹងសម្បារ នឹងរាស្ត្រក្រាំងលាវ។
v  ជាងនេះទៅទៀត រាយការណ៍ប្រាប់ទាហានបារាំងក្រោយពេលសម្លាប់បារដេស ដូចមានសម្ដីបញ្ជាក់ថា “ពួកអាកំណាច វាឥតប្រណីយោគយល់ដល់ខ្ញុំជាចាស់......ស្រាប់តែពួកវាទាញកន្ត្រាក់ខ្ញុំ បេះលោកធំពីដៃខ្ញុំ យកទៅ        ពិឃាត​.....។ ចំណុចនេះចាត់ទុកថាគាត់ទម្លាក់កំហុសទាំងអស់ឱ្យរាស្រ្តក្រាំងលាវ។
v  ពិសេសជាងនេះទៀតនោះគឺ គាត់ថាទៅសុំសីល តែគាត់ចេះតែភូតភរ បន្លំភ្នែកប្រើពាក្យមុសាវាទ។ ដុចខ្លឹមសាររឿងបញ្ជាក់ថា តាប៉ាល់ធ្វើជាយំ ចំពោះមុខទាហាន។ ការរៀបរាប់ទាំងអម្បាលនេះគឺ បានបង្ហាញឱ្យឃើញថាគាត់មានគុណវិបត្តិច្រើនគួរឱ្យកត់សម្គាល់។ ហេតុនេះដើម្បីឱ្យចៀសផុតពីកំហុសដូចតាប៉ាល់នោះយើងត្រូវមានវិធីល្អៗ ដើម្បីដោះស្រាយដោយ
Ø  នៅមុនហេតុការណ៍ ១៨ មេសា​ ១៩២៥ ត្រូវប្រមូលស្រង់បណ្ដាជនក្រីក្រតោកយ៉ាកគ្មានប្រាក់បង់ពន្ធពិតប្រាកដ​ក្នុងឃុំទាំងអស់
Ø  បង្កើតសហគមន៍ជំនួយ ដោយសំណើឱ្យអ្នកមានសទ្ធាទាំងអស់ជួយ
Ø  ប្រមូលថវិកាឱ្យអ្នកគ្មានប្រាក់ខ្ចី ដោយយកការប្រាក់តិច ឬមិនយកការប្រាក់ ឬសងម្ដងបន្តិច
Ø  ធ្វើពិធីបុណ្យប្រមូលបច្ច័យ ព្រោះរាស្រ្តខ្មែរនិយមធ្វើបុណ្យ
Ø  ពេលមានហេតុការណ៍ ១៨ មេសា ១៩២៥ ​ត្រូវចេញមុខដោះស្រាយជាមួយ បារដេស ដោយសុំពន្យាពេលយក​ប្រាក់មកបង់យ៉ាងឆាប់បំផុត ដើម្បីឱ្យបារដេសលើកលែងទោសដល់រាស្រ្ត ហើយការសុំពន្យាពេលនេះទៀតសោត គឺត្រូវធានាដោយខ្លួនឯង យកប្រាក់ខ្លួនឯង រួមផ្សំនឹងប្រាក់ប្រមូលផ្សេងៗមកជួយ
Ø  ក្រោយពេលហេតុការណ៍ ១៨ មេសា​ ១៩២៥ សម្លាប់ បារដេស រួចហើយត្រូវចេញមុខដោយក្លាហាន ដោយបង្ហាញ​ឈ្មោះអ្នកដៃដល់ ឱ្យទាហានបារាំងចាប់ ព្រោះត្រូវយល់ថា ពួកគេបានស្ម័គ្រស្លាប់រួចទៅហើយ។ ការធ្វើបែបនេះ ដើម្បីបញ្ជៀសកំហុសដល់រាស្ត្រទាំងអស់។ ជាក់ស្ដែងត្រូវបង្ហាញ ឈ្មោះជួន នៅ ក្រុមអ្នកក្លាហានម្ភៃនាក់នោះ ព្រោះបើមិនប្រាប់ទាហាននៅតែចាប់សម្លាប់អ្នកទាំងនោះដដែល ហើយរាស្រ្តក្នុងឃុំក៏ត្រូវមានទោសដែរ។
សរុបសេចក្ដីមកការដោះស្រាយបញ្ហារបស់តាប៉ាល់ ក្នុងរឿងភូមិតិរច្ឆាន ពិតជាពោរពេញដោយគុណសម្បត្តិប្រាកដមែន ព្រោះក្នុងឋានៈជាមេឃុំគ្រប់គ្រងលើរាស្រ្ត គាត់មិនបានធ្វើសកម្មភាពណាមួយដែលជួយដល់រាស្ត្រឡើយ ពោលគឺគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ឆ្លងតាមការបកស្រាយ ទស្សនៈប្រធានខាងលើពិតជាមានអត្ថន័យល្អ ព្រោះនាំឱ្យមនុស្សចេះដោះស្រាយបញ្ហាបានត្រឹមត្រូវតាមរយៈការថ្លឹងថ្លែង ពិចារណាចំពោះទង្វើមេឃុំប៉ាល់ជាពិសោធន៍។ ដូច្នេះក្នុងនាមយើងជាមនុស្សដែលរស់នៅក្នុងសង្គមត្រូវចេះវិភាគ រិះរកវិធីល្អៗមកដោះស្រាយបញ្ហាដែលកើតឡើងចំពោះមុខ ដើម្បីបញ្ជៀសគុណវិបត្តិឱ្យបានកាន់តែច្រើន។

No comments:

Post a Comment