Friday, May 29, 2020

តែងសេចក្ដី
ប្រធានៈ មានទស្សនៈមួយលើកឡើងថា “មនសិការការងារ គឺជាឫសគល់ដែលជួយឱ្យបុគ្គលទទួលបានជោគជ័យលើកិច្ចការផងទាំងពួង”។ ចូរបង្ហាញដោយលើកឧទាហរណ៍បញ្ជាក់។
សេចក្ដីអធិប្បាយ
      មនុស្សម្នាក់ៗរស់បានអាស្រ័យលើការងារ  អាស្រ័យហេតុនេះហើយទើបទាមទារឱ្យបុគ្គលម្នាក់ៗប្រកាន់​​ខ្ជាប់នូវការស្រឡាញ់ យកចិត្តទុកដាក់រាល់កិច្ចការដែលខ្លួនធ្វើ ពោលគឺមនសិការនេះឯង។ បើពុំមានទឹកចិត្តស្រឡាញ់មិនគិតមិនខ្វល់ទេនោះច្បាស់ជាមិនកើតជាការ កើតជាប្រយោជន៍អ្វីនោះឡើយ ប្រាកដជាអន្តរាយអស់មិនខាន។ ដោយមើលឃើញពីហេតុផលដ៏ចាំបាច់បែបនេះហើយទើមានទស្សនៈមួយលើកឡើងថា “មនសិការការងារ គឺជាឫសគល់ដែលជួយឱ្យបុគ្គលទទួលបានជោគជ័យលើកិច្ចការផងទាំងពួង”។
តើមនសិការការងារបានធ្វើឱ្យមនុស្សទទួលបានជោគជ័យលើកិច្ចការបានយ៉ាងដូចម្ដេច?
ដើម្បីងាយស្រួលដល់ការបកស្រាយយើងគប្បីយល់ពាក្យគន្លឹះនៃប្រធានជាមុនសិន។ “មនសិការការងារ” សំដៅលើការភ្ញាក់រឭកទៅរកការងារដែលខ្លួនធ្វើ ឬនឹងត្រូវធ្វើដោយស្មារតីទទួលខុសត្រូវ។ រីឯពាក្យ “ឫសគល់” បានសេចក្ដីថា ធាតុជាមូលដ្ឋាន ជាទីចាប់ផ្ដើមដំបូង។ ចំណែកឯពាក្យ “ជោគជ័យ” គឺការទទួលបាននូវជ័យជម្នះ ការរីកចម្រើនលូត លាស់។ ដោយឡែកពាក្យ “កិច្ចការ” បានដល់ការងារ ឬរបរដែលមនុស្សធ្វើ។ ដូចនេះមតិប្រធានចង់កំណត់ថាមនុស្សម្នាក់ៗទាល់តែមានការភ្ញាក់រឭកទៅរកការងារដែលខ្លួនធ្វើប្រកបដោយការទទួលខុសត្រូវ ទើបអាចជួយខ្លួនឱ្យសម្រេចលើការងារដែលខ្លួនធ្វើបានផលល្អប្រសើរទៅបាន។
ជាការពិតណាស់ មនសិការការងារ គឺជាឫសគល់ដែលជួយឱ្យបុគ្គលទទួលបានជោគជ័យលើកិច្ចការផងទាំងពួង ដោយសារមនុស្សក្នុងការធ្វើកិច្ចការងារទាំងឡាយទាល់តែមានការស្រលាញ់លើមុខរបរ ឬភារកិច្ចដែលខ្លួនបំពេញ ទើបមានគំនិតចង់ឱ្យកិច្ចការមានភាពលូតលាស់ទៅមុខជានិច្ច គឺគេពុំធ្វើការងារនោះឱ្យស្ថិតក្នុងភាពដដែលៗ ហើយព្យាយាមធ្វើការប្រឆាំងនឹងសភាពដដែលៗនេះ ដែលជាកត្តានាំឱ្យការងារមានសន្ទុះកើនឡើងជាលំដាប់។ ម្យ៉ាងវិញទៀត បានជំរុញឱ្យគេធ្វើការងារដោយទៀងទាត់ពេលវេលា ព្រមទាំងស្មោះត្រង់នឹងការងារ ពោរពេញដោយសុឆន្ទៈ។ មួយវិញទៀតគេប្រាកដ ជាធ្វើការនោះដោយសប្បាយរីករាយព្រមទាំងចេះបង្កើតឱ្យមានបរិយាកាសរីករាយក្នុងកិច្ចការនោះថែមទៀតផង។  ចំណុចដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺឧបនិស្ស័យ ដែលជាធាតុមួយនៃមនសិការការងារ ក្នុងការជួយជំរុញបុគ្គលម្នាក់ៗឱ្យយកចិត្តទុកដាក់លើការងារ ព្រោះថានិស្ស័យជាអំណោយធម្មជាតិ ដែលអាចដឹកនាំបុគ្គលឱ្យស្រឡាញ់ការងារបានផលចម្រើន។ ក្នុងករណីនេះ ចំណូលចិត្តបុគ្គលអាចមានចំណាប់ចិត្ត ពីសង្គមមនុស្ស ដូចជាឃើញគេឯងចូលចិត្តក៏ចូលចិត្តតាមគេឯងដែរ ព្រមទាំងមានការណែនាំឱ្យចូលចិត្តស្របនឹងការងារដែលមានចំណាប់ចិត្តនោះ។ បើខ្វះខាតឧបនិស្ស័យបុគ្គលនឹងមានមនសិការក្លែងក្លាយ ដែលជាហេតុនាំឱ្យកិច្ចការអន្តរាយអស់ទៅវិញ។ ចំណុច​​​ដែលសកាន់តែច្បាស់ពីមនសិការការងារ ដែលមានសមត្ថភាពក្នុងការរុញច្រានបុគ្គលឱ្យជោគជ័យដែរនោះ គឺស្ថិតលើការដកពិសោធព្រោះវាជាហេតុការណ៍មួយសម្រាប់បញ្ជាក់ពីសមត្ថភាពរបស់មនុស្ស។ មានន័យថា មនុស្សខ្លះមានមនសិការតែក្នុងវិស័យទ្រឹស្ដី លុះមកដល់ការអនុវត្តបែរជាបាត់បង់ទៅវិញ ហើយអាចបញ្ជាក់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនបានមួយកម្រិតទៀត។ មិនត្រឹមតែ ពិសោធន៍អាចជួយធ្វើឱ្យមនុស្សជួបប្រទះនឹងហេតុការណ៍ថ្មីៗ នាំឱ្យបុគ្គលកាន់តែចូលចិត្តខ្លាំងឡើងៗ ចំពោះការងារប៉ុណ្ណោះទេ ថែមទាំងដឹកនាំឱ្យមានការប្រុងប្រយ័ត្ន និងធ្វើការមិនមានគ្រោះថ្នាក់កាលណាគេស្គាល់មុខការនោះបានច្បាស់លាស់ផង។ ពិសេសជាងនេះទៅទៀតសមត្ថភាព ក៏ត្រូវបានរាប់បញ្ចូលក្នុងមនសិការការងារដែរ។ បើមនុស្សមានសមត្ថភាពដែលកើតឡើងដោយការអប់រំ ទោះផ្នែកអ្វីក៏ដោយ ពិតជាអាចជម្នះលើកកិច្ចការងារបានយ៉ាងងាយស្រួលហើយឱកាសនៃភាពជោគជ័យក៏កាន់តែមានច្រើនដែរ។ បានសេចក្ដីថាបើខ្វះសមត្ថភាព ទោះមានចំណូលចិត្ត ឬស្រឡាញ់លើការងារយ៉ាងណាក៏ពុំបានផលដែរ។ ចំណុចដែលមិនអាចខ្វះបានដែរនោះគឺសីលធម៌ ដែលជាធាតុសំខាន់មួយនៃមនសិការការងារ ដោយសារមនុស្សជាតិបានយកសីលធម៌ជាគោលគ្រឹះក្នុងការរក្សាសុខសុវត្ថិភាពពិភពលោក។ ដូច្នេះសីលធម៌បានធ្វើឱ្យយើង​ចៀស​វាងអំពើអាក្រក់សព្វយ៉ាង ហើយវិលមកប្រព្រឹត្តអំពើល្អ មានគំនិតសុទិដ្ឋិចំពោះខ្លួនឯង និងអ្នកដ៏ទៃ។ កត្តានេះបានធ្វើឱ្យគេគ្មានគំនិតបៀតបៀន ឈ្នានីស ប្រើល្បិចចង់ឈ្នះលើការងារទាំងទទឹងទិសឡើយ ពោលគឺកិច្ចការដែលគេប្រព្រឹត្តពិតជាស្របនឹងគំនិតយោបល់របស់សង្គមមនុស្សទាំងមូលមិនខាន។  ជាក់ស្ដែងប្រជាកសិករ ដែលខិតខំបំពេញការងារមិនខ្លាចក្ដៅ ភ្លៀង ខ្យល់ មកពីពួកគាត់មានមនសិការការងារបានជំរុញឱ្យពួកគាត់ស្រឡាញ់ការងារស្រែចម្ការ ច្បារដំណាំរបស់គាត់ ដោយខិតខំធ្វើការមើលថែទាំដោយដាក់ជី ជ្រើសរើសពូជ ការពារសត្វល្អិតដែលមកបំផ្លាញផលដំណាំរបស់ពួកគាត់ ដែលជាហេតុធ្វើឱ្យផលដែលពួកគាត់ទទួលបានគួរជាទីគាប់ចិត្តដូច្នោះដែរ។ រីឯសិស្សានុសិស្ស មានមនសិការការងារ ពួកគេនឹងស្គាល់ច្បាស់ពីតួនាទី កាតព្វកិច្ចរបស់ខ្លួនដែលត្រូវបំពេញ ស្រឡាញ់ការរៀនសូត្រ យកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ ហ៊ានសាកសួររាល់បញ្ហាដែលខ្លួនមិនយល់ ធ្វើការសិក្សាស្រាវជ្រាវបន្ថែម គោរពវិន័យសាលា មិនធ្វើទង្វើណាមួយនាំឱ្យបំផ្លាញដល់ខ្លួន និងសិស្សដទៃឡើយ។ ចំណុចទាំងនេះហើយបានសបញ្ជាក់ឱ្យកាន់តែច្បាស់ថាមនសិការការងារ មិនមែនសំខាន់តែការសិក្សារៀនសូត្រនោះទេ សម្រាប់អាជីព ឬមុខរបរផ្សេងៗទៀតក៏មានភាពចាំបាច់ដូចគ្នា។ ដោយ​ឡែក​ពីនេះសម្ដេចព្រះសង្ឃរាជជួន ណាត បានចំណាយពេលស្ទើរពេញមួយជីវិតលើផ្នែកអក្សរសាស្ត្រជាតិខ្មែរ បានខិតខំបង្កើតរាល់ឯកសារ ស្នាដៃ ជាពិសេសសៀវភៅវចនានុក្រមខ្មែរ ដែលជាគោលគ្រឹះសម្រាប់សាសន៍ខ្មែររហូតមកដល់សព្វថ្ងៃនេះ បើខ្វះមនសិការការងារមិនអាចធ្វើការលះបង់កម្លាំងកាយចិត្តដ៏ធំធេងនេះបានឡើយ ព្រោះការងារនេះទាមទារពេលវេលាយូរថ្ងៃខែឆ្នាំ ហើយត្រូវប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនផង។ ចំណែកព្រះបាទជ័យវរ្ម័នទី៧ ក៏មិនខុសគ្នាប៉ុន្មានពីសម្ដេចព្រះសង្ឃរាជ ជួន ណាត ប៉ុន្មានដែរ ព្រោះព្រះអង្គបានបំពេញព្រះរាជកិច្ចជូនជាតិមាតុភូមិ ធ្វើការពង្រីកទឹកដីបានធំទូលាយ សេដ្ឋកិច្ចរីកចម្រើន ប្រជាពលរដ្ឋមានចិត្តតែមួយ។ នេះក៏ដោយសារទ្រង់មានមនសិការការងារ ដែលជាគ្រឹះដ៏រឹងមាំ។ បើងាកមកពិនិត្យមើលក្នុងទំព័រអក្សរសិល្ប៍ខ្មែរក៏បានលាតត្រដាងបញ្ហានេះយ៉ាងច្បាស់លាស់ដែរ តួយ៉ាងរឿងក្មេងកំព្រា កុមារប្អូន មានមនសិការការងារ ដែលកើតចេញពីការយកចិត្តទុកដាក់ពិនិត្យសង្កេតកិច្ចការឪពុក ស្រឡាញ់អាជីពនេះ ទើបនៅពេលដែលឪពុកខ្លួនអនិច្ចកម្មទៅកុមារនេះមានសមត្ថភាពធ្វើជុចបានល្អ អាចចិញ្ចឹមជីវិតបានចៀសផុតពីការសុំទានគេ ហើយអាចអភិវឌ្ឍរបរនេះកាន់តែប្រសើរឡើង ពីការដាក់ត្រី ទៅដាក់សត្វម្រឹគថែមទៀតផង។ រីឯរឿងរាមកេរ្ដិ៍ ឯណោះវិញ ព្រះបាទទសរថ ក៏មានមនសិការការងារនេះដែរ យ៉ាងណាមិញព្រះអង្គ ដោយដឹងថាខ្លួនមានវ័យចាស់ជរាហើយនោះ ទ្រង់បានគិតគូរដល់បញ្ហាប្រទេសជាតិដោយធ្វើការផ្ទេររាជសម្បត្តិដល់ព្រះរាម ដើម្បីបញ្ជៀសចលាចល និងអាចធ្វើការដោះស្រាយបញ្ហារាជសម្បត្តិដែលកើតមានឡើងនៅពេលដែលទ្រង់នៅមានព្រះជន្ម។ ដោយឡែក មហាជម្ពូ ជាស្ដេចនៅនគរហេមពាន្ត ក៏មានលក្ខណៈសម្បត្តិដ៏ល្អប្រពៃនេះដែរ ដោយសារទ្រង់អាចធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព រួចផុតពីអាណានិគមព្រះរាម ពោលគឺទ្រង់មានហេតុផលសមរម្យដោយយកលេសថា ទ្រង់មានវ័យចាស់ជរាហើយ មិនអាចធ្វើសង្គ្រាមបាន មិនដូចសុគ្រីព ហនុមាន ដើម្បីប្រយោជន៍ខ្លួននាំជាតិអន្តរាយ។ ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ថែមទៀតនោះយើងងាកមកពិនិត្យមើលស្នាដៃអក្សរសិល្ប៍ខ្មែរបែបទំនើបវិញម្ដងក៏ឃើញមានតួអង្គជាច្រើនដែលមានមនសិការការងារនេះដែរ។ ជាតឹកតាងរឿងកុលាបប៉ៃលិន ចៅចិត្រថ្វីត្បិតតែមានជីវភាពក្រលំបាក ប៉ុន្តែចិត្រមានមានចំណេះដឹង សមត្ថភាព សីលធម៌រស់នៅល្អធ្វើឱ្យពួកកម្មករ ដែលធ្វើការជាមួយគ្នា និងចៅហ្វាយនាយមានការស្រឡាញ់ ព្រមទទួលស្គាល់ពីតម្លៃរបស់ខ្លួន ក្នុងការបំពេញកិច្ចការងារកន្លងមក។ បន្ថែមពីនេះទៅទៀតរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់លោក សួន សុរិន្ទ ក្រោយពីប្រទេសជាតិមានសុខសន្តិភាព សម័យសង្គមរាស្រ្តនិយមចូលមកដល់ សមបានវិលមកស្រុកកំណើត ចាប់ចប នង្គ័ល រនាស់ធ្វើកសិករថ្មី។ ចំពោះកិច្ចការនេះសមមានការយកចិត្តទុក ស្រឡាញ់ការងារស្រែចម្ការ ហើយខិតខំបង្កើនចំណេះដឹងលើផ្នែកនេះឱ្យកាន់តែប្រសើរឡើង តាមរយៈការចូលរួមសមាជជាតិលើកទី៩។ សកម្មភាព​នេះហើយទើបធ្វើឱ្យទិន្នផលស្រូវមានកំណើនឡើង ជីវភាពសមក៏ធូរធារ។ ទាំងនេះគឺសុទ្ធ​តែ​កើតឡើងពីមនសិការរបស់សមទាំងអស់។
សរុបសេចក្ដីមកមនុស្សម្នាក់ៗអាចសម្រចកិច្ចការផ្សេងៗទទួលបានផលល្អប្រសើរនោះ ពិតជាកើតចេញពីបុគ្គលនោះមានមនសិការការងារ ពោលគឺឧបនិស្ស័យ សមត្ថភាព ការស្រឡាញ់ ការពិសោធ​​​ និងសីលធម៌ដែលជាឫសគល់ពិតប្រាកដមែន។
ឆ្លងតាមការបកស្រាយទស្សនៈប្រធានខាងលើនេះពិតជាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ។ ព្រោះបានបង្ហាញឱ្យឃើញពីឬសគល់នៃភាពជោគជ័យរបស់បុគ្គលចំពោះការងារ ដើម្បីឱ្យយើងដឹងថាភាពជោគជ័យពុំអាចកើឡើងដោយឯកឯងឡើយ។ ដូច្នេះក្នុងនាមយើងជាអ្នកសិក្សាត្រូវស្វែងយល់ពីខ្លួនឯងឱ្យច្បាស់លាស់ ធ្វើកិច្ចការអ្វីក៏ដោយគឺត្រូវប្រកាន់ខ្ជាប់មនសិការការងារជានិច្ច ទើបខ្លួនឯង គ្រួសារ និងជាតិមានវឌ្ឍនភាព។


លោកគ្រូ យ៉ាន់ វិច្ឆិកា នៃវិទ្យាល័យមាសសុភាបានៀវ
០៨៨៩​ ៣១២ ៨៩៧

No comments:

Post a Comment