Saturday, May 30, 2020

តែងសេចក្ដី
ប្រធានៈ មានទស្សនៈមួយចែងថាសិល្បៈខ្មែរ ជាសិល្បៈក្នុងគំនិតពិចារណា  ចូរបកស្រាយដោយលើកឧទាហរណ៍បញ្ជាក់។
គម្រោងតែង
លំនាំៈ ជាតិសាសន៍ខ្មែរ មានដើមកំណើតនៅលើទឹកដី ដែលគេហៅបានថា ជាទឹកដី​​​​សុវណ្ណភូមិ ដោយសារសម្បូរទាំងសម្បត្តិធម្មជាតិ ទាំងសម្បត្តិវប្បធម៌។ បើនិយាយ​​​​​​​ពីអាយុកាលវិញ កម្ពុជាក៏មានវ័យចំណាស់មួយនៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យវប្បធម៌ អរិយធម៌ក៍មានវ័យចំណាស់ និងការវិវត្តរីកចម្រើនឥតឈប់ឈរ គ្រប់ផ្នែក គ្រប់វិស័យទៅតាមនោះដែរ។ ទន្ទឹមនឹងនេះជនជាតិខ្មែរយើង ក៏មានទំនៀមទម្លាប់ ជំនឿ សាសនា​...ជាពិសេសសិល្បៈ ដែលបានបង្កប់នូវតម្លៃយ៉ាងសម្បូរបែប ដោយបានផ្សារភ្ជាប់ និងបកស្រាយពីជីវភាព ពីការរស់នៅរបស់មនុស្សខ្មែរតាំងពីកំណកំណើត រហូតមកដល់សព្វថ្ងៃនេះ។ចំណូលៈ ដោយមើលឃើញពីតម្លៃដែលបង្កប់ក្នុងសិល្បៈខ្មែរបែបនេះទើបមានទស្សនៈមួយលើកឡើងថាសិល្បៈខ្មែរ ជាសិល្បៈក្នុងគំនិតពិចារណា

ចំណោទៈ តើហេតុអ្វីបានជាគេចាត់ទុកថាសិល្បៈខ្មែរស្ថិតក្នុងគំនិតពិចារណា?
ឃ្លាភ្ជាប់ៈ ដើម្បីជាពន្លឺសម្រាប់ជួយបំភ្លឺដល់ការបកស្រាយទស្សនៈប្រធានខាងលើយើងគប្បីយល់ពន្យល់ពាក្យៈ ពាក្យសិល្បៈសំដៅលើប្រភេទនៃកិច្ចការងារដែលផ្ដោតលើការរៀបចំតុបតែងធ្វើយ៉ាងណាឱ្យមាន​​សោភណ្ឌ តម្លៃ គួរជាទីចាប់ចិត្ត ចាប់អារម្មណ៍​​ ចំណែកកន្សោមពាក្យគំនិតពិចារណាបានដល់ការគិត វិភាគលើបញ្ហាអ្វីមួយ។ ពន្យល់ន័យប្រធានៈ ដូច្នេះទស្សនៈប្រធានខាងលើនេះចង់បានសេចក្ដីថា គ្រប់កិច្ចការងាររបស់ខ្មែរ ដែលធ្វើឡើងគឺសុទ្ធតែមានបែបបទនៃការធ្វើ ដោយរៀបចំប្រកបដោយភាពទាក់ទាញ និងលាក់បង្កប់នូវតម្លៃណាមួយនៅក្នុងការងារទាំងនោះលុះត្រាតែប្រើការគិតវិភាគទើបយល់បាន។
បកស្រាយប្រធានៈ សិល្បៈខ្មែរ ជាសិល្បៈក្នុងគំនិតពិចារណាព្រោះ (ន័យទូទៅ) សិល្បៈខ្មែរសំខាន់ៗទាំងអស់ មិនថាសិល្បៈច្បងទាំង៧ទម្រង់ ឬសិល្បៈរាយរងក៏ដោយគឺសុទ្ធតែ​​បានបង្កប់នូវលក្ខណៈណាមួយ តម្លៃណាមួយនៅក្នុងនោះជាក់ជាមិនខាន បើគ្រាន់តែ​​មើលមិនពិចារណាទេនោះប្រាកដជាមិនអាចយល់បានទេ។  យ៉ាងណាមិញ
​​​.សិល្បៈស្ថាបត្យកម្ម ដែលសំដៅដល់ការសាងសង់សំណងអ្វីមួយនោះក៏បានបង្កប់​​នូវតម្លៃនៃស្នាដៃនោះដែរ។តួយ៉ាង សំណង់ប្រាសាទបាយ័ន ឆ្លុះបញ្ចាំងពីនិមិត្តរូបនៃប្រទេស​​កម្ពុជា​​​ ដែលមានខេត្ត៥៤ និងបង្ហាញពីអ្នកដឹកនាំ ដែលមានព្រហ្មវិហារធម៌...
        .សិល្បៈគំនូរ បានដល់ការគូសវាស ផាត់ពណ៌ផ្សេងៗ ដែលបង្កើតបានជាសោភណ្ឌភាពគួរឱ្យចាប់ចិត្តតាមរយៈរូបគំនូរផ្សេងៗ ដូចជាគំនូរអប្សរា បានបង្ហាញឱ្យឃើញ​​​ពីភាពទន់ភ្លន់ ស្លូតបូតស្រឡាញ់សន្តិភាព...
      ​​​.សិល្បៈចម្លាក់ គឺជាការដាប់ ឆ្លាក់... ដែលបង្កើតបានជារូបផ្សេងៗ ដែលមាន​​​​លក្ខណៈ​ខុសប្លែកពីសិល្បៈដទៃ ដោយបែងចែកជាចម្លាក់លិប លៀន លោត ហើយមានអត្ថន័យសំខាន់ផ្ទាល់ខ្លួន។ ជាក់ស្ដែង ចម្លាក់ភ្ញីទេស ភ្ញីវល្លិ៍ ភ្ញីភ្លើង... កើតឡើងពីគំហើញនៃ​​​​តថភាពក្នុងធម្មជាតិ និងសង្គម។
        .សិល្បៈតន្ត្រី ជាសិល្បៈបំពេញនូវភាពសប្បាយរីករាយ ឬស្រងេះស្រងោច តាមរយៈ សាច់ភ្លេង ចម្រៀង ដែលធ្វើឱ្យមានភាពពីរោះ រំភើប តក់ស្លុត ឬបណ្ដុះនូវមនោសញ្ចេតនា គ្រប់បែបយ៉ាង... យ៉ាងណាមិញ បទចម្រៀង ! ផ្ទៃស្រុកខ្មែរ បានបណ្ដុះឱ្យកូនខ្មែរ និងប្រជាជនខ្មែរទាំងអស់ មានគំនិតស្នេហាជាតិ ស្រឡាញ់ការងារពលកម្ម...
        . សិល្បៈរបាំ ថ្វីត្បិតតែមានលក្ខណៈមួយចំនួនជាកាយវិកា ជាក្បាច់រាំមិនបានសម្ដែងតាមរយៈសម្ដី តែក៏មានអត្ថន័យដែលបង្កប់នៅក្នុងនោះដែរ។ តួយ៉ាង របាំក្បាច់បុរាណ កាយវិកានីមួយៗ បានផ្សារភ្ជាប់ទៅនឹងការរស់នៅរបស់មនុស្សក្នុងសង្គម គឺកើត ចាស់ ស្លាប់់ដែលវិលចុះឡើងក្នុងវដ្ដសង្សារ...
        . សិល្បៈអក្សរសិល្ប៍ ជាប្រភេទសិល្បៈមួយបែប ដែលកើតឡើងតាមរយៈទឹកដៃដ៏ប៉ិនប្រសប់របស់អ្នកនិពន្ធ ឬកវី ក្នុងការលើកយករឿងរ៉ាវណាមួយមកបង្ហាញ តាមរយៈសិល្ប៍វិធីរបស់ខ្លួន។ ជាក់ស្ដែង រឿងកុលាបប៉ៃលិន ឆ្លងកាត់ការអាន ការស្វែងយល់នៃរឿងនេះ យើងឃើញថារឿងនេះបានបណ្ដុះឱ្យមានស្មារតីទទួលខុសត្រូវដោយខ្លួនឯង ហើយចេះស្រឡាញ់ និងតស៊ូក្នុងការងារពលកម្ម...
        . សិល្បៈភាពយន្ត ដែលជាសិល្បៈទស្សនីយភាពមួយបែប ដែលជាទីពេញនិយមក្នុងពេលបច្ចុប្បន្ននេះ ក៏យើងឃើញថា គ្រប់ទិដ្ឋភាពដែលបានបញ្ចូលក្នុងផ្ទៃរឿង គឺសុទ្ធតែមានគំនិតអប់រំ ឬតម្លៃណាមួយដែលអ្នកនិពន្ធចង់បង្ហាញជាក់ជាមិនខាន។
        រីឯសិល្បៈរាយរង ដាំស្ល និងដេរប៉ាក់ ក៏មានលក្ខណៈគួរឱ្យកត់សម្គាល់ទៅតាមនោះដែរពោលគឺសុទ្ធតែមាន វិសេសភាពរៀងខ្លួនៗ។
        សរុបៈ សរុបសេចក្ដីមក សិល្បៈខ្មែរ ជាសិល្បៈក្នុងគំនិតពិចារណាពិតប្រាកដមែន ព្រោះបើមិនប្រើការគិត ការវិភាគទេ ពិតជាមិនអាចទទួលបាននូវតម្លៃនៃសិល្បៈនេះឡើយ។
        វាយតម្លៃប្រធានៈ ឆ្លងតាមការបកស្រាយ និងរៀបរាប់យ៉ាងល្អិតល្អន់រួចមក យើងអាចសន្និដ្ឋានបានថា សិល្បៈខែ្មរ ពិតជាសិល្បៈមួយ ដែលមានតម្លៃគួរឱ្យកោតស្ញប់ស្ញែងព្រោះបានលាក់បង្កប់នូវតម្លៃផ្ទាល់ខ្លួន តាមរយៈគំនិតដ៏ជ្រាលជ្រៅរបស់ខ្មែរ។ យោបល់ៈ ក្នុងនាមយើងជាពលរដ្ឋខ្មែរ ជាកូនចៅខ្មែរត្រូវធ្វើការសិក្សាស្វែងយល់ពីសិល្បៈខ្មែរឱ្យបានល្អិតល្អន់ដើម្បីកុំឱ្យយល់ខុសចំពោះបំណងរបស់ដូនតាដែលខិតខំបន្សល់​​​​​ទុកស្នាដៃសិល្បៈទាំងនោះ។

លោកគ្រូ យ៉ាន់ វិច្ឆិកា នៃវិទ្យាល័យ មាសសុភាបានៀវ ស្រុកឈូក ខេត្តកំពត
០៨៨៩ ៣១២ ៨៩៧

No comments:

Post a Comment