តែងសេចក្ដី
ប្រធានៈ
រឿងភូមិតិរច្ឆាន ប៉ូលីសបាននិយាយទៅកាន់សុវណ្ណ និងប៊ុតថា “រាជការមិនគិតថាលក់ដាច់
លក់មិនដាច់ ឱ្យតែខុសច្បាប់ត្រូវតែពិន័យ។” តើសម្ដីនេះសមហេតុផលដែរឬទេ?ចូរពិភាក្សា
ដោយលើកយកសង្គមជាក់ស្ដែង និងរឿងនេះមកបញ្ជាក់។
គម្រោងអធិប្បាយ
សង្គមជាតិនីមួយៗលើលោកយើងនេះ
ទោះបីជាតិសាសន៍ណាក៏ដោយក៏មានគោលបំណងមិនខុសគ្នានោះដែរ គឺចង់បានសេចក្ដីសុខ សុភមង្គល
ភាពរីកចម្រើន មានសណ្ដាប់ធ្នាប់ល្អ រស់នៅដោយស្មើមុខគ្នា។
ឈរលើគោលបំណងបែបនេះហើយទើបគ្រប់ប្រទេសទាំងអស់បានបង្កើតច្បាប់ទម្លាប់សម្រាប់អនុវត្ត
ដើម្បីកំណត់ព្រំដែនសកម្មភាពមនុស្ស
កុំឱ្យធ្វើអ្វីដែលបង្កឱ្យមានភាពល្អក់កករប៉ះពាល់ដល់ការរស់នៅ
និងសណ្ដាប់ធ្នាប់សង្គមផងដែរ។ អាស្រ័យហេតុនេះទើបវណ្ណកម្មលោកឌឹក គាម និងលោកឌឿក អំ
បានបង្ហាញពីសកម្មភាពរបស់មន្រ្តីប៉ូលីសក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម
ដាក់ពិន័យចំពោះសុវណ្ណ និងប៊ុតដែលប្រព្រឹត្តខុស ដូចមានសម្ដីបញ្ជាក់ថា “រាជការមិនគិតថាលក់ដាច់
លក់មិនដាច់ ឱ្យតែខុសច្បាប់ត្រូវតែពិន័យ។”
តើសម្ដីរបស់ប៉ូលីស ដែលនិយាយទៅកាន់សុវណ្ណ
និងប៊ុតបែបនេះត្រឹមត្រូវដែរឬទេបើផ្អែកលើសង្គមជាក់ស្ដែង និងរឿងភូមិតិរច្ឆាននេះ?
ដើម្បីជាពន្លឺជួយបំភ្លឺដល់ការវែកញែកសម្ដីប៉ូលីសខាងលើថាសមហេតុផល
ឬមិនសមហេតុផលនោះត្រូវធ្វើការស្វែងយល់ពាក្យគន្លឹះរបស់ប្រធានជាមុនសិន។ ពាក្យ
“រាជការ” សំដៅដល់រដ្ឋអំណាច ដែលជាអ្នកគ្រប់គ្រងប្រទេស គ្រប់គ្រងប្រជាជន។
ចំណែកពាក្យ “ច្បាប់” ជាបទបញ្ញត្តិដែលដាក់ចេញដើម្បីឱ្យប្រជាជនទាំងអស់ត្រូវតែគោរព។ រីឯពាក្យ
“ពិន័យ” មានន័យថាការដាក់ទោសទណ្ឌចំពោះជនដែលប្រព្រឹត្តខុសច្បាប់។
តាមន័យនៃពាក្យគន្លឹះខាងលើនេះសម្ដីរបស់ ប៉ូលីសចង់បានសេចក្ដីថា រដ្ឋអំណាច
ដែលគ្រប់គ្រងប្រជាជន គឺមិនខ្វល់ពីការលក់ដូរ រកស៊ីបាន ឬមិនបាននោះទេ
សំខាន់ឱ្យតែនរណាម្នាក់ធ្វើខុសនឹងច្បាប់ត្រូវតែផ្ដន្ទាទោសទៅតាមកម្រិតកំហុសរបស់ពួកគេ
ទើបអាចរក្សាបានសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់របស់សង្គមទាំងមូលបាន។
ជាការពិតឥតបដិសេធបានសម្ដីរបស់ប៉ូលីសដែលនិយាយជាមួយសុវណ្ណ
និងប៊ុតគឺពិតជាមិនខុសទេ ព្រោះថារាជការមានតួនាទី៖
. រក្សាសុវត្ថិភាព ជូនពលរដ្ឋ
. តម្លាភាព
. ភាពស្មើគ្នាក្នុងការរស់នៅ យុត្តិធម៌
. រក្សាប្រសិទ្ធភាពនៃច្បាប់
អ្នកធ្វើខុសត្រូវតែពិន័យ
.
បំពេញភារកិច្ចរបស់ខ្លួនទៅតាមមុខនាទីឱ្យបានត្រឹមត្រូវ
. គ្រប់គ្រងសង្គមឱ្យមានសណ្ដាប់ធ្នាប់ល្អ
. ជាការទប់ស្កាត់បទល្មើស។
ប្រសិនបើយោគយល់បុគ្គល នឹងប្រព្រឹត្តខុសកាន់តែច្រើនឡើង
. ការព្រមាន
ឬពិន័យនេះអាចធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នខ្ពស់
ក្នុងន័យនេះសម្ដី ដែលប៉ូលីស និយាយជាមួយ
សុវណ្ណ និងប៊ុតបែបនេះក៏ព្រោះតែពួកគេទាំងពីរធ្វើខុសនឹងច្បាប់ ដែលរាជការកំណត់
ដូចនេះមិនអាចលើកលែងបាននោះឡើយ។ ជាក់ស្ដែងក្រុមប៉ូលីស ដែលមកឆែកកាត ទារផាស៊ី
និងផាកពិន័យមកពីអ្នកសុវណ្ណ និងអ្នកប៊ុត មិនយល់ដឹងពីច្បាប់
មិនដឹងពីសញ្ញាដែលគេសម្គាល់ពីអ្វីនោះឡើយ ដូចសម្ដីរបស់ប៉ូលីសនិយាយថា
“នៅឯណាបានជាមិនយល់សញ្ញានុ៎ះ”។
នេះសបញ្ជាក់ឱ្យឃើញថាគេគ្រប់គ្នាយល់ច្បាស់ពីច្បាប់អស់ទៅហើយនៅតែអ្នកសុវណ្ណ
និងអ្នកប៊ុតប៉ុណ្ណោះដែលមិនដឹង ហេតុនេះការផាកពិន័យនេះមិនខុសទេ។
ចំណែកក្នុងសង្គមវិញច្បាប់ក៏មានលក្ខណៈចាប់បង្ខំឱ្យមនុស្សត្រូវតែគោរព
ទើចអាចបញ្ឈប់សកម្មភាពអវិជ្ជមានរបស់បុគ្គលបាន ជាក់ស្ដែងចោរលួច ប្លន់
ជួញដូរគ្រឿងញៀន....
ត្រូវច្បាប់កាត់ទោសទៅតាមទោសទណ្ឌទាំងអស់គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។
សរុបសេចក្ដីមកគ្រប់បុគ្គលដែលធ្វើខុសនឹងច្បាប់មិនថាតែសុវណ្ណ
និងប៊ុតនោះទេ ត្រូវតែពិន័យព្រោះជារឿងដែលត្រឹមត្រូវចៀសវាងភាពអនាធិបតេយ្យ
មិនអាចយោគយល់បានទេ ទើបអាចរក្សាបាននូវភាពយុត្តិធម៌ក្នុងសង្គម។
តើសម្ដីប៉ូលីស ដែលនិយាយជាមួយសុវណ្ណ
និងប៊ុតនៅពេលនោះពិតជាត្រឹមត្រូវ សមហេតុផលច្បាប់មែនឬយ៉ាងណា?
មិនសមហេតុផលទេ ព្រោះ៖
.ច្បាប់នៅពេលនោះមិនទាន់មានយុត្តិធម៌
(បំរើឱ្យតែពួកអាណានិគមនិយមបារាំង)
.មិនយោគយល់ចំពោះរាស្រ្ត ដែលមិនទាន់ចេះ
និងមិនទាន់យល់ពីបញ្ហាច្បាប់
.មិនបានអប់រំណែនាំជាដំបូងសិន
មុនផាកពិន័យ
.ផ្ដាច់ការពេក គ្មានមនុស្សធម៌ (មិនបានផ្ដល់ឱកាសឱ្យសុវណ្ណ
និងប៊ុតបញ្ចេញមតិនោះទេ។ ដូចសម្ដីរបស់ប៉ូលីសថា “កុំជជែកច្រើន ចូលទៅស្នងការប៉ូលីស ដើម្បីបង់ពិន័យ”។
.រាជការមិនផ្សព្វផ្សាយឱ្យទូលំទូលាយដល់បណ្ដារាស្រ្ត
នៅជនបទ (ប្រជាជនមិនបានដឹងពីបញ្ហានេះទេ ដឹងតែត្រូវបង់ពន្ធកាត បង់ថ្លៃផាស៊ី)
.រាជការមិនយោគយល់ពីជីវភាពរាស្រ្ត
ដែលក្រលំបាក (ច្បាប់បង្កើតឡើងដើម្បីប្រយោជន៍បុគ្គលនិយម បក្សពួកនិយម
គាបសង្កត់រាស្ត្រមិនបម្រើរាស្រ្តនោះទេ។)
បើយោងទៅតាមច្បាប់សង្គមយើងសព្វថ្ងៃ សម្ដីរបស់ប៉ូលីសនិយាយទៅកាន់អ្នកសុវណ្ណ
និងអ្នកប៊ុត ក្នុងរឿងភូមិតិរច្ឆាន ដែលឆ្លុះបង្ហាញពីសម័យអាណានិគមនិយមបារាំងនោះកាន់តែឃើញថាមិនសមហេតុផល។
ដោយសារច្បាប់មានចែងកំណត់តម្រូវឱ្យប្រជាពលរដ្ឋត្រូវតែគោរពមែន
ប៉ុន្តែក៏មិនមានលក្ខណៈខុសបែបបទបែបនេះឡើយ
ពោលគឺច្បាប់បង្កើតឡើងដើម្បីការពារប្រយោជន៍ពលរដ្ឋ
យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់រាស្ត្រដោយស្មើភាព ឈរលើគោលការណ៍តម្លាភាព
ប្រជាធិបតេយ្យពិតៗ។
សរុបសេចក្ដីមកសម្ដីរបស់ប៉ូលីសនិយាយទៅកាន់សុវណ្ណ
និងប៊ុតពុំមានលក្ខណៈសមហេតុផលនោះឡើយ
ព្រោះច្បាប់នោះគ្រាន់តែជាពាក្យសម្ដីរបស់ពួកអាណានិគមបារាំងបង្កើត
ដើម្បីគាបសង្កត់រាស្ត្ររកប្រយោជន៍ប៉ុណ្ណោះ។
ជារួមមកការអនុវត្តច្បាប់របស់ប៉ូលីសទៅតាមគោលការណ៍នៃច្បាប់
ដែលបានបញ្ញត្តិនោះជារឿងត្រឹមត្រូវហើយ
ប៉ុន្តែច្បាប់របស់ពួកគេនៅពេលនោះពុំទាន់មានតម្លាភាព សុក្រឹតភាព
សមភាពសម្រាប់ពលរដ្ឋនៅឡើយទេ។
ឆ្លងតាមតាមការបកស្រាយ
សម្ដីរបស់ប៉ូលីសខាងលើនេះអាចសន្និដ្ឋានបានថាពិតជាត្រឹមត្រូវ
ព្រោះក្នុងនាមរដ្ឋអំណាចត្រូវតែគោរពតួនាទី បំពេញកិច្ចការងារទៅតាមច្បាប់ទម្លាប់ឱ្យខ្ជាប់ខ្ជួន
ធ្វើយ៉ាងណាធានាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងការរស់នៅរបស់ពលរដ្ឋ។
តែរាល់ការអនុវត្តច្បាប់ទាំងនោះត្រូវតែប្រាកដថាប្រជាពលរដ្ឋបានជ្រួតជ្រាប
ពីច្បាប់ទាំងនោះតាមរយៈការផ្សព្វផ្សាយជាមុនសិន។ ដូច្នេះក្នុងនាមជារដ្ឋអំណាច
និងជាប្រជាពលរដ្ឋត្រូវតែអនុវត្តច្បាប់ និង គោរពច្បាប់របស់សង្គម
ចៀសវាងការប្រព្រឹត្តអំពើដែលខុសច្បាប់ ដើម្បីវឌ្ឍនភាពសង្គមជាតិយើង។
លោកគ្រូ យ៉ាន់ វិច្ឆិកា នៃវិទ្យាល័យមាសសុភាបានៀវ
០៨៨៩ ៣១២ ៨៩៧
No comments:
Post a Comment